ក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមជើងខ្លាំងដូចគ្នាអ៊ីតាលី ក្នុងការប្រកួត Euro 2016 វគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន Matmut Atlantique ទីក្រុង Bordeaux នាវេលាម៉ោង០២:០០រំលងអាធ្រាត្រយប់នេះ។
ម្ចាស់ជើងឯក World Cup 2014 អាល្លឺម៉ង់ ជាក្រុមខ្លាំង នឹងធ្លាប់លើកពាន Euro ពានដល់ទៅ៣សម័យកាលនៅឆ្នាំ (១៩៧២, ១៩៨០, ១៩៩៦) រីឯអ៊ីតាលីវិញ ក៏មិនធម្មតាដែរ ពោលគឺធ្លាប់លើកពានបានម្ដង កាលឆ្នាំ១៩៦៨ និងធ្លាប់រងជើងឯក២ដង នៅឆ្នាំ (២០០០, ២០១២)។ ដូច្នេះចាំមើលថា ក្រុមខ្លាំងទាំង២នេះ ក្រុមណានឹងហាលអាវ ហើយក្រុមណានឹងអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តបាន?
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– អាល្លឺម៉ង់ មិនដែលឈ្នះអ៊ីតាលីទេ ក្នុងជំនួបគ្នាពានរង្វាន់ធំៗ ៨ប្រកួតចុងក្រោយ (ស្មើ៤, ចាញ់៤)។ បរាជ័យទាំង៤ប្រកួតរបស់អាល្លឺម៉ង់ គឺសុទ្ធតែចាញ់នៅវគ្គ Knockout Stages (World Cup semi-final 1970, final 1982, semi-final 2006) និង Euro semi-final 2012។
– ជួបគ្នានៅប្រកួតចុងក្រោយ កាលខែមិនាដើមឆ្នាំនេះលក្ខណៈមិត្តភាព អាល្លឺម៉ង់បានបំបាក់អ៊ីតាលី ៤-១។
– អាល្លឺម៉ង់ ឡើងដល់វគ្គ Semi-Finals ទាំង៥ដង ក្នុងការបង្ហាញខ្លួននៅពានរង្វាន់ធំ ៥លើកចុងក្រោយ (World Cup 2006, 2010, 2014 និង Euro 2008, 2012)។
– អាល្លឺម៉ង់ ជាក្រុមតែ១គត់ ដែលមិនទាន់របូតគ្រាប់បាល់សោះនៅ Euro 2016 នេះ។ ប៉ុន្តែ អ៊ីតាលីជាក្រុមដែលអាចរក្សា Clean Sheets បាន១៩ដង ក្នុង៣៧ប្រកួតចុងក្រោយនៅ Euro ជាប់កំណត់ត្រាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
សម្ដីគ្រូបង្វឹក៖
Joachim Low គ្រូបង្វឹកអាល្លឺម៉ង់ បាននិយាយថា៖ “អ៊ីតាលី មិនត្រឹមតែជាក្រុមមានប្រព័ន្ធការពារល្អប៉ុណ្ណោះទេ ថែមទាំងប្រយុទ្ធមុតស្រួចទៀត។ អាល្លឺម៉ង់ និងអ៊ីតាលីជាក្រុមដែលមានគុណភាពខ្លាំង ហើយអ្នកឈ្នះប្រកួតនេះ អាចនឹងក្លាយជាជើងឯក។ យើងបានត្រៀមខ្លួនរួចរាល់ហើយ តាំងពីរបៀបការពារ និងប្រយុទ្ធ។ ប៉ះអ៊ីតាលី យើងប្រហែលជាពុំសូវមានឱកាសច្រើនដូចប៉ះអៀរឡង់ខាងជើងទេ ដូច្នេះយើងត្រូវតែប្រយ័ត្នបំផុត”។
Antonio Conte គ្រូបង្វឹកអ៊ីតាលី បានលើកឡើងថា៖ “ក្រុមយើងលេងបានល្អមែនទែន គ្រប់តំបន់ទាំងអស់។ ជាពិសេស យើងអាចលេងបានល្អជាងក្រុមអេស្ប៉ាញ និងអាចឈ្នះម្ចាស់ជើងឯក (អេស្ប៉ាញ) បាន។ ខ្ញុំគិតថា អាល្លឺម៉ង់ជាក្រុមដែលខ្លាំងស្មើជើងល្អ និងខ្លាំងបំផុតលើលោកបច្ចុប្បន្ន។ ប៉ុន្តែយើងបានសិក្សាពីពួកគេហើយ ដើម្បីយកឈ្នះឲ្យបាន”។
ជើងកីឡាករ៖
ឥន្ទ្រីដែកអាល្លឺម៉ង់ គ្មានបញ្ហាកីឡាករណាអវត្តមានទេ បន្ទាប់ពី Jerome Boateng, Julian Draxler និង Sami Khedira អាច Fit ១០០% វិញ ក្រោយមានបញ្ហាបន្តិចបន្តួច ហើយកីឡាករជាប់បម្រាមក៏គ្មានដែរ។ ដូច្នេះអាល្លឺម៉ង់ ពេញជើងល្អណាស់យប់នេះ អាចជា៖ Neuer; Kimmich, Boateng, Hummels, Höwedes; Kroos, Khedira; Müller, Özil, Draxler; Gomez។
រីឯអ៊ីតាលី នឹងអវត្តមានខ្សែបម្រើឆ្នើម Daniele De Rossi ដែលរងរបួសភ្លៅកាលប៉ះអេស្ប៉ាញ និងខ្សែបម្រើស្លាប Antonio Candreva របួសសរសៃពួរ ខណៈដែល Thiago Motta ក៏ជាប់ពិន័យថែមទៀត។ ដូច្នេះ អ៊ីតាលីពុំសូវពេញជើងប៉ុន្មានទេ ដែលអាចជា៖ Buffon; Barzagli, Bonucci, Chiellini; Florenzi, Sturaro, Parolo, Giaccherini, De Sciglio; Pellè, Éder៕Labels: Sport