Ronaldinho វីរបុរសប្រេស៊ីល ជាកីឡាករចុងក្រោយម្នាក់ទៀត ដែលឈឺចាប់ និងខកចិត្តពេលឃើញអតីតមិត្តរួមក្រុម Lionel Messi ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន។
កីឡាករវ័យ៣៦ឆ្នាំ ដែលធ្លាប់លេងឲ្យ Barcelona ចន្លោះឆ្នាំ២០០៣-២០០៨ រូបនេះ បានប្រាប់ដល់ America TV ថា៖ “ខ្ញុំគាំទ្រគំនិតរបស់គាត់ និងអ្វីដែលគាត់ចង់បាន…ខ្ញុំនឹងតែងតែនៅខាងគាត់ជានិច្ច។ យើងនឹងនឹកគាត់…គាត់ជាកីឡាករល្អបំផុតលើពិភពលោក”។
Ronaldinho និង Messi ធ្លាប់ឈ្នះពាន La Liga របស់អេស្ប៉ាញ២ និង UEFA Champions League ម្ដងជាមួយគ្នានៅក្រុមអ្នកមានបុណ្យ Barca ហើយអតីតខ្សែបម្រើក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ធ្លាប់ជាអ្នកជួយ និងផ្ដល់ដំបូន្មានខ្លះៗដល់ Messi ពេលរូបគេទើបបង្ហាញខ្លួននៅឈុតធំក្រុម Barca ដំបូងនៅឆ្នាំ២០០៤ ផងដែរ។
Messi បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីអាហ្សង់ទីនចាញ់ឈីលី នៅផ្ដាច់ព្រ័ត្រ Copa America 2016 ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ប៉ុន្តែរហូតមកទល់ពេលនេះ កីឡាករវ័យ២៩ឆ្នាំ ពុំទាន់ឆ្លើយតបថាវិលត្រឡប់វិញនៅឡើយទេ ទោះមានមតិជាច្រើន បានស្នើសុំឲ្យរូបគេបន្តលេងទៀតក៏ដោយ៕
Labels: Sport