Neymar តារាឆ្នើមក្រុម FC Barcelona បានចេញមកគាំទ្រមិត្តរួមក្រុម Lionel Messi និងនិយាយថា បាល់ទាត់គ្មានប្រធានក្រុមអាហ្សង់ទីន គឺមិនមែនជាបាល់ទាត់ទេ។
Messi និងឪពុក Jorge Messi ត្រូវតុលាការកាត់ទោស២១ខែ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយសារជាប់ពាក់ព័ន្ធនឹងការគេចវេះមិនបង់ពន្ធ ប៉ុន្តែពួកគេទាំង២ មិនតម្រូវឲ្យជាប់ពន្ធនាគារទេ។ ក្លឹប Barca និងអ្នកគាំទ្រក្រុមអ្នកមានបុណ្យ នៅតែបន្តគាំទ្រតារាឆ្នើមរូបនេះយ៉ាងខ្លាំង ខណៈដែល Neymar ក៏បានផ្ដល់កម្លាំងចិត្តដល់ដៃគូប្រយុទ្ធរបស់ខ្លួនផងដែរ។
“Messi មិនត្រឹមតែជាមិត្តភ័ក្ដិរបស់ខ្ញុំទេ គាត់ក៏ជា Idol របស់ខ្ញុំផងដែរ ហើយខ្ញុំតែងតែគាំទ្រគាត់”។ ប្រធានក្រុមប្រេស៊ីល Neymar បានលើកឡើង។
កីឡាករវ័យ២៩ឆ្នាំ (Messi) ក៏មានបញ្ហាប្រឈមមុខនៅលើទីលានដែរ ដោយកាលពីខែមុន រូបគេបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីចាញ់ឈីលី នៅផ្ដាច់ព្រ័ត្រ ពានរង្វាន់ Copa America 2016។
យ៉ាងណាក្ដី Neymar គោរពចំពោះការសម្រេចចិត្តរបស់ Messi សម្រាប់ការចូលនិវត្តន៍នេះ ប៉ុន្តែរូបគេយល់ថា វាពិតជាពិបាកទទួលយកណាស់ នៅពេលបាល់ទាត់ គ្មានវត្តមាន Super Star រូបនេះ។ កីឡាករវ័យ២៤ឆ្នាំ បានបន្ថែមថា៖ “ខ្ញុំគោរព ចំពោះការសម្រេចចិត្តរបស់គាត់ ប៉ុន្តែបាល់ទាត់ គ្មាន Messi មិនមែនជាបាល់ទាត់ឡើយ…វាពិតជាពិបាកណាស់ ដែលត្រូវស្រមៃថាគ្មានរូបគាត់។ បើអ្នកស្រលាញ់បាល់ទាត់ អ្នកប្រាកដជាដឹងថា Messi គាត់បានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីក្រុមអាហ្សង់ទីន និងក្រុម Barcelona”៕
Labels: Sport