ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប៉ះម្ចាស់ផ្ទះបារាំង ក្នុងការប្រកួត Euro 2016 វគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានជាតិបារាំង Stade de France នាវេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រយប់នេះ។
បារាំង ដែលធ្លាប់ឈ្នះពាន Euro ២សម័យកាលនៅឆ្នាំ (១៩៨៤, ២០០០) សង្ឃឹមថា នឹងអាចឈ្នះជាលើកទី៣ ស្មើកំណត់ត្រាឈ្នះច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុមអាល្លឺម៉ង់ និងអេស្ប៉ាញ។ រីឯព័រទុយហ្គាល់វិញ មិនដែលឈ្នះពាន Euro នេះទេ និងរំពឹងថាអាចឈ្នះជាលើកដំបូងនៅយប់នេះ។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
– ជួបគ្នា២៤ដង បារាំងឈ្នះ១៨ ព័រទុយហ្គាល់ឈ្នះ៥ ស្មើ១។ ប៉ុន្តែជួបគ្នាលើកចុងក្រោយ១០ដង បារាំងឈ្នះទាំង១០ដង។ ជួបគ្នា២ដងចុងក្រោយ បារាំងឈ្នះ ២-១ កាលមិត្តភាពឆ្នាំ២០១៤ និងឈ្នះ ១-០ ទៀត កាលមិត្តភាពឆ្នាំ២០១៥។
– ព័រទុយហ្គាល់ ជាក្រុមលេងបានច្រើនប្រកួតជាងគេនៅ Euro (៣៤ប្រកួត, មុនផ្ដាច់ព្រ័ត្រ) ប៉ុន្តែមិនដែលបានលើកពានទេ។
– ព័រទុយហ្គាល់ មិនដែលចាញ់ទេ ក្នុង១៣ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Fernando Santos (ឈ្នះ៩ ស្មើ៤)។
– Cristiano Ronaldo ទាត់បាល់ហ្វ្រីឃីត៤៣ជើងហើយ នៅពានរង្វាន់ធំៗ ប៉ុន្តែពុំទាន់ចូល១គ្រាប់ទេ។ ប៉ុន្តែ៩គ្រាប់នៅ Euro របស់គេ ភាគច្រើនស៊ុតក្នុងប្រអប់គ្រោះថ្នាក់ និង៥គ្រាប់ ដោយប្រើក្បាលតែត។
– បារាំង ឈ្នះពាន៣ដង ក្នុងការប្រកួតពានរង្វាន់ធំៗវគ្គផ្ដាច់ព្រ័ត្រ៤ដងចុងក្រោយ។ ម្ដងដែលពួកគេអត់បានលើកពានគឺ កាល World Cup 2006 ដោយស្មើ ១-១ ទល់នឹងអ៊ីតាលី តែចាញ់បាល់ប៉េណាល់ទីកាត់សេចក្ដី។
– ១៨ប្រកួតក្នុងដីរបស់បារាំង ទាំងនៅ World Cup និង Euros គឺមិនដែលចាញ់ទេ (ឈ្នះ១៦ ស្មើ២)។
– Antoine Griezmann អាចនឹងក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្ត្របារាំង ដែលអាចក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនគ្រាប់ជាងគេ (Top Scorer) នៅពានរង្វាន់ធំៗ បន្ទាប់ពី Just Fontaine (World Cup 1958) និង Michel Platini (Euro 1984)។
សម្ដីគ្រូបង្វឹក៖
Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់៖ “ខ្ញុំធ្លាប់បាននិយាយពីមុនហើយថា គោលដៅរបស់យើងគឺ ចង់លេងដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពាន។ យើងមានជំនឿចិត្តច្រើន ព្រោះយើងចង់ធ្វើឲ្យប្រជាជនព័រទុយហ្គាល់រីករាយ។ យើងចង់ឲ្យពួកគេ នូវការអបអរដ៏សប្បាយរីករាយបំផុត។ គ្រប់គ្នាក៏ដឹងហើយថា បារាំងជាក្រុមខ្លាំង ដូចខ្ញុំធ្លាប់និយាយតាំងពីចាប់ផ្ដើមប្រកួតថា បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាក្រុមសង្ឃឹមលើកពាន។ ប៉ុន្តែពេលនេះ ព័រទុយហ្គាល់យើង ក៏អាចនឹងឈ្នះដូចគ្នា”។
Didier Deschamps គ្រូបង្វឹកបារាំង៖ “យើងមានឱកាសនេះ ដើម្បីក្លាយជាជើងឯកអឺរ៉ុប។ ខ្ញុំធ្លាប់ពាន Euro ជាមួយបារាំង ក្នុងនាមជាកីឡាករកាលឆ្នាំ២០០០។ ប៉ុន្តែខ្ញុំមិនចង់និយាយពីអតីតកាលទេ ខ្ញុំចង់គិតពីបច្ចុប្បន្ន និងអនាគត។ ព័រទុយហ្គាល់ ជាក្រុមដែលមានកីឡាករគុណភាពល្អៗច្រើន ហើយពួកគេអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ មិនមែនរឿងចៃដន្យទេ។ ប៉ុន្តែខ្ញុំជឿថា កីឡាកររបស់ខ្ញុំទាំងអស់ នឹងត្រៀមរួចរាល់បានល្អ សម្រាប់ការប្រកួតដ៏ធំនេះ”។
ជើងកីឡាករ៖
ព័រទុយហ្គាល់ ខ្សែការពារឆ្នើម Pepe រំពឹងថា អាចចូលលេងជម្រើសដំបូងបាន ក្រោយហ្វឹកហាត់បានវិញ បន្ទាប់ពីអវត្តមានកាលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសាររបួសភ្លៅ។ ក្រៅពីនោះ គ្មានបញ្ហាកីឡាករណាទៀតទេ ដូច្នេះ១១នាក់ដំបូងរបស់ព័រទុយហ្គាល់ អាចជា៖ Rui Patrício; Cédric, Pepe, Fonte, Guerreiro; William Carvalho, Adrien, João Mário, Renato Sanches; Nani, Ronaldo។
រីឯម្ចាស់ផ្ទះមាន់គកបារាំងវិញ ពេញជើងល្អតែម្ដង ខណៈដែលកីឡាករទាំង២៣នាក់ គ្មានបញ្ហាអ្វីទាំងអស់។ ដូច្នេះ១១នាក់ដំបូង របស់បារាំងអាចជា៖ Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Matuidi; Sissoko, Griezmann, Payet; Giroud។
ប្រែសម្រួលដោយ៖សុភារិទ្ធ
ប្រភព ៖skysports

Labels: Sport