ពេលដុះក្បាលពោះ លោកអ្នកដែលរកមើលមូលហេតុដែរទេ? តើការញ៉ាំអាហារច្រើនធ្វើឱ្យដុះក្បាលពោះ? ចុះអ្នកខ្លះហូបច្រើននុះច្រើន ម៉េចក៏មិនដុះក្បាលពោះ ហើយគេនៅតែអាចរក្សាក្បាលពោះរាបស្មើ? ខាងក្រោមនេះជាមូលហេតុធ្វើឱ្យមនុស្សដុះក្បាលពោះ។
១. បាក់តេរីលូតលាស់នៅពោះវៀនតូច
មនុស្សដុះក្បាលពោះ និងធាត់គឺដោយសារតែមានបាក់តេរីលូតលាស់នៅពោះវៀនតូច ហើយអាការៈរបស់វាមានដូចជា រាគរូស ទល់លាមក និងហើមពោះ។ បាក់តេរីលូតលាស់ច្រើនក្នុងពោះវៀនតូចធ្វើឱ្យមនុស្សចេញរោគសញ្ញាទាំងនេះ។ បាក់តេរីស្រូបយកជីវជាតិចិញ្ចឹមល្អៗ និងបន្សល់ជាតិអាស៊ីតនៅក្បាលពោះរបស់មនុស្ស ជាហេតុបង្កឱ្យមនុស្សដុះក្បាលពោះ។
២. រាងកាយមិនអាចដុតជាតិខ្លាញ់បានល្អ
នៅពេលសរីរាង្គមិនអាចដុតជាតិខ្លាញ់ទៅជាថាមពលបានល្អ វាគ្មានជម្រើសអ្វីក្រៅពីរក្សាទុកជាតិខ្លាញ់ទាំងនោះនៅក្នុងក្បាលពោះនោះឡើយ។ ត្រូវគិតគូរអំពីប្រព័ន្ធរំលាយអាហារឱ្យបានល្អ និងត្រូវទទួលទានអាហារណាដែលជំនួយដល់ការដុតរំលាយជាតិខ្លាញ់ឱ្យបានច្រើន។ ផ្លែបឺ ខ្លាញ់ត្រី ប្រេងដូងសុទ្ធសឹងជាខ្លាញ់ល្អដែលចូលទៅកម្ចាត់ខ្លាញ់អាក្រក់។
៣. មិនទទួលទានអាហារសរីរាង្គ (ធម្មជាតិសុទ្ធ)
ថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅត្រូវគេបាញ់លើដំណាំជាញឹកញាប់។ ជាតិគីមីទាំងនេះមិនត្រឹមសម្លាប់សត្វចង្រៃប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទៀត។ ទទួលទានបន្លែផ្លែឈើធម្មជាតិសុទ្ធអាចជួយរក្សារាងលោកអ្នកនៅដដែល និងមិនធ្វើឱ្យដុះក្បាលពោះទេ។
៤. អតុល្យភាពអ័រម៉ូន
នៅពេលអ័រម៉ូនដូចជា អ័រម៉ូនក្នុងខួរក្បាល អ័រម៉ូនភេទ អ័រម៉ូនក្រពេញ Adrenal និងកម្រិតអាំងស៊ុយលីនគ្មានតុល្យាភាព វានឹងធ្វើឱ្យរាងកាយប្រែប្រួលខុសប្រក្រតីដូចគ្នា ជាពិសេសត្រង់ចំណុចក្បាលពោះតែម្តង។ អតុល្យភាពអ័រម៉ូនជាមេបង្កធំបំផុតចំពោះការឡើងទម្ងន់។ លោកអ្នកគួរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតចំពោះបញ្ហានេះ។
៥. អាហារូបត្ថម្ភពោរពេញដោយជាតិស្ករ
ទទួលទានអាហារសម្បូរជាតិស្ករច្រើនអាចនាំឱ្យខ្លាញ់ក្នុងរាងកាយពូនផ្តុំនៅក្បាលពោះ បង្កឱ្យឡើងជាតិអាំងស៊ុយលីន និងបង្កផលប៉ះពាល់ជាច្រើនទៀត៕
Labels: Healthy