ការដែលរត់ទៅក្នុងបន្ទប់ទឹកជាញឹកញាប់ ឬមានអារម្មណ៍ថា ខ្លួនឯងចេះតែចង់នោមជាប់ នោះអាចជារឿងមួយ មិនមានផាសុខភាពឡើយ។ ខណៈពេលដែលនោមចេញមកតិចៗជាបញ្ហា ការនោមញឹកពេក ក៏មិនមែនជារឿងល្អដែរ។ បើសិនជាអ្នកសម្គាល់ឃើញ មានការប្រែប្រួលទាំងឡាយ ក្នុងរបៀបរបបនៃការនោមរបស់អ្នក អ្នកគួរតែតាមដានវាឲ្យបានដឹតដល់។ ការនោមញឹក (ទៅបន្ទប់ទឹកជារៀងរាល់២ម៉ោងម្តង) គឺជាសញ្ញាអាក្រក់មួយ ហើយក៏អាចបញ្ជាក់បានថា មានមូលហេតុជំងឺច្រើនដែរ ដូចជា៖
– ការបង្ករោគនៅផ្លូវទឹកម៉ូត (UTI)
បុរសកម្រមានជំងឺបែបនេះណាស់ បើប្រៀបធៀបនឹងមនុស្សស្រី។ យ៉ាងណាមិញ សម្រាប់បុរសអាយុខ្ទង់ ២០ ទៅ ៣០ ឆ្នាំ ការបង្ករោគផ្លូវទឹកម៉ូត អាចជាហេតុផលមួយនាំឲ្យនោមញឹកដែរ។ ឧទាហរណ៍បុរសដែលមានជំងឺកាមរោគ ដោយសារបាក់តេរី គឺអាចនាំឲ្យនោមញឹក និងមានអាការៈបន្ថែមដូចជា នោមក្រហាយ រមាស់ និងមិនអាចនោមអស់។ ចំណែកបុរសអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ការបង្ករោគនៅផ្លូវទឹកម៉ូត អាចដោយសារតែបញ្ហាជាច្រើនទៀត ក្នុងក្រពេញប្រូស្តាត ឬប្លោកនោម។
– ក្រពេញប្រូស្តាតរីកធំ
នេះគឺជាហេតុផលដ៏ចំបងបំផុតមួយ ដែលធ្វើឲ្យបុរសវ័យចំណាស់នោមញឹក។ ការរីកធំរបស់ក្រពេញប្រូស្តាត ដែលធ្វើឲ្យសង្កត់ដល់ប្លោកនោម អាចបណ្តាលឲ្យបុរស មិនអាចនោមអស់ពីប្កោកនោម និងចេះតែចង់នោមម្តងហើយម្តងៗ។ យ៉ាងណាមិញ បើសិនជាករណីនេះមិនព្យាបាលទេ វាអាចបង្កជាជំងឺនៅផ្លូវទឹកម៉ូតបាន។ នេះដោយសារតែទឹកនោមនៅក្នុងប្លោកនោមយូរពេក ដែលជាហេតុនាំឲ្យមានការប្រែប្រួលសមាសធាតុគីមី។
– គ្រួសក្នុងតម្រងនោម
ទាំងបុរសវ័យក្មេង និងចាស់ដែលមានគ្រួសក្នុងតម្រងនោម សុទ្ធតែអាចមានបញ្ហានោមញឹកបានទាំងអស់។ គ្រួសនេះត្រូវបានគេស្គាល់ថា អាចបណ្តាលឲ្យមានការបង្ករោគ ដោយសារតែបាក់តេរីរស់នៅក្នុងគ្រួសតែម្តង។ ហេតុដូច្នេះហើយ ទើបវាបណ្តាលឲ្យនោមញឹកតែម្តងទៅ។
– មហារីកប្លោកនោម
បញ្ហាជាច្រើនក្នុងប្លោកនោម ក៏អាចបណ្តាលឲ្យមានការនោមញឹកញាប់បានដែរ។ ដុំសាច់មហារីក ឬបញ្ហាផ្សេងៗទៀតក្នុងប្លោកនោម អាចបណ្តាលឲ្យឈឺចាប់ក្នុងប្លោកនោម ឬអាងត្រគាក ជាមួយនឹងការនោមញឹក។
– មហារីកក្រពេញប្រូស្តាត
ខណៈពេលដែលមហារីកមួយនេះ មិនមានរោគសញ្ញានោះ តែការនោមញឹករយៈពេលយូរ ក៏អាចបណ្តាលមកពី មហារីកក្រពេញប្រូស្តាតដែរ។ ករណីបែបនេះ អ្នកជំងឺអាចនឹងសុំឲ្យគ្រូពេទ្យ ដោះស្រាយបញ្ហានៃការនោម ហើយក៏រកឃើញជំងឺមហារីកនេះតែម្តងទៅ។
អ្នកប្រហែលជាមិនអាច នឹងមានការសិក្សាលើរឿងនេះទេ តែភាពតានតឹងក្នុងអារម្មណ៍ និងថប់អារម្មណ៍ ក៏អាចជាហេតុផលមួយធ្វើឲ្យមនុស្ស ចង់ទៅនោមញឹកដែរ ព្រោះកត្តាទាំងពីរនេះ ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ ដែលនាំឲ្យផ្លាស់ប្តូរ សកម្មភាពធម្មតាក្នុងខ្លួន ចិត្តសាស្ត្រ និងផ្លូវចិត្តតែម្តង ៕Labels: Healthy