Cristiano Ronaldo តារាឆ្នើមជម្រើសជាតិព័រទុយហ្គាល់ បានលើកឡើងថា ខ្លួនពិតជាឈឺចាប់ ពេលឃើញ Lionel Messi ស្រក់ទឹកភ្នែក និងសង្ឃឹមថាកីឡាករក្រុម Barcelona រូបនេះ កុំទាន់ចូលនិវត្តន៍ ហើយត្រឡប់ចូលលេងឲ្យជម្រើសជាតិអាហ្សង់ទីនវិញ។
Messi បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីអាហ្សង់ទីន ចាញ់ឈីលី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Copa America 2016។ ក្រោយប្រកាសចូលនិវត្តន៍ភ្លាម ប្រធានាធិបតីអាហ្សង់ទីន Mauricio Macri ប្រជាជនអាហ្សង់ទីន និងអ្នកគាំទ្រជាច្រើន បានស្នើសុំខ្សែប្រយុទ្ធរូបនេះ បន្តលេងឲ្យជម្រើសជាតិទៀត។
រីឯ Ronaldo តារាឆ្នើមក្រុម Real Madrid ដែលជាដៃគូប្រជែងយកពាន Ballon d’Or ជាមួយ Messi ជិត១ទសវត្សរ៍ចុងក្រោយនេះ ក៏ចង់ឃើញ Messi ពាក់ឈុតសនិងខៀវ លេងឲ្យជម្រើសជាតិអាហ្សង់ទីនវិញដែរ។ នេះបើតាម Facebook Page: Copa Mundial Fifa Colombia បានបង្ហោះសម្ដី CR7។
“Messi បានសម្រេចចិត្តដ៏ពិបាកមួយ ហើយអ្នកគាំទ្រត្រូវតែយល់ និងទទួលយកវា។ គាត់មិនធ្លាប់ចាញ់ ឬបញ្ចប់ចំណាត់ថ្នាក់ទី២ទេ ក្នុងជីវិតរបស់គាត់។ ទាត់ប៉េណាល់ទីមិនបានសម្រេច មិនមែនធ្វើឲ្យអ្នកក្លាយជាកីឡាករអន់ទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំឈឺចាប់ ពេលឃើញគាត់ស្រក់ទឹកភ្នែក។ ខ្ញុំសង្ឃឹមថា គាត់នឹងត្រឡប់លេងឲ្យជម្រើសជាតិគាត់វិញ ព្រោះពួកគេត្រូវការគាត់”។ Ronaldo លើកឡើង៕
Labels: Sport