01.6.2016
សហរដ្ឋអាមេរិក បានសម្ដែងការព្រួយបារម្ភថា Euro 2016 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ អាចជាគោលដៅដ៏ធំមួយរបស់ពួកជ្រុលនិយម ISIS ដើម្បីធ្វើការវាយប្រហារ។
ម្ចាស់ផ្ទះ Euro 2016 ប្រទេសបារាំង ធ្លាប់រងការវាយប្រហារពីពួក ISIS ម្ដងរួចមកហើយ កាលឆ្នាំមុននៅទីក្រុងប៉ារីស ខណៈដែលពេលនោះ មានចំនួនអ្នកស្លាប់ដល់ទៅ១៣០នាក់។ រីឯកាលខែមិនា កន្លងទៅ ក្រុម ISIS ក៏បានវាយប្រហារទីក្រុង Brussels ប្រទេសបែលហ្សិក ស្លាប់មនុស្សអស់ ៣២នាក់ទៀតផងដែរ។
ទីក្រុងទាំង១០ របស់បារាំង ត្រៀមប្រកួត Euro 2016
Euro 2016 ដែលនឹងចាប់ផ្ដើមប្រកួតចន្លោះពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា នឹងធ្វើឡើងនៅកីឡដ្ឋាន១០ផ្សេងៗគ្នា មានការប្រកួតសរុប៥១ប្រកួត ភ្ញៀវទេសចរណ៍បរទេសប្រហែល១លាននាក់ និងអ្នកគាំទ្រទស្សនាក្នុងកីឡដ្ឋានផ្ទាល់សរុបប្រហែល ២,៥លាននាក់។ នេះបើតាមទិន្នន័យពី UEFA។
ក្រសួងការពារជាតិអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថា៖ “ចំនួនភ្ញៀវទេសចរណ៍ដ៏ច្រើនលើសលុប ទៅតំបន់អឺរ៉ុបរដូវក្ដៅនេះ នឹងក្លាយជាគោលដៅធំ និងកាន់តែងាយស្រួល សម្រាប់ពួកភេរវកម្មវាយប្រហារ”។
យ៉ាងណាក្ដី ក្នុងនាមជាម្ចាស់ផ្ទះ បារាំងក៏គ្រោងនឹងពង្រឹងផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹង ខណៈដែលពួកគេ ក៏បានហាមមិនឲ្យប្រើប្រាស់បច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក ព្រោះខ្លាចពួក ISIS បន្លំ និងគ្រោងពង្រាយកម្លាំងប៉ូលិស ទាហាន និងសន្តិសុខឯកជន សរុបចំនួន៩ម៉ឺននាក់ ស្ទើរពេញផ្ទៃប្រទេសផងដែរ៕
ប្រែសម្រួល៖Rith
Labels: Sport