ព្រឹត្តិការណ៍នៃការហែកគុករត់ចេញពីពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅម៉ិកស៊ីកូ កាលពីខែកក្កដា ឆ្នាំមុន បានធ្វើឲ្យពិភពលោករឹតតែភ្លឺភ្នែកទៅទៀត ជាមួយនឹងស្ដេចគ្រឿងញៀន El Chapo ដែលជាមេក្រុមសម្ព័ន្ធជួញដូរគ្រឿងញៀនអន្តរជាតិដ៏ល្បីSinaloa Cartelដោយគេ ប្រើគ្រប់ វិធីសាស្ត្រដើម្បីរត់ចេញពីគុក រាល់ពេលត្រូវប៉ូលិសចាប់ខ្លួន ។
យើងខ្ញុំ សូមលើកយកប្រធានបទនៃមេខ្លោងជួញដូរគ្រឿងញៀនដ៏កក្រើកពិភពលោកនេះ មក ធ្វើការរាយរាប់ត្រួសៗ និងបញ្ជាក់ពីស្ថានភាពរបស់លោកក្នុងពេលនេះ ដែលកំពុង ស្ថិតក្នុងពន្ធនា គារនៅប្រទេសម៉ិកស៊ីកូ ។មានឈ្មោះពិតហៅថា Joaquin “El Chapo” Guzman Loera ឆ្នាំកំណើត របស់ កំពូលឧក្រិដ្ឋជនរូបនេះមិនបានបញ្ជាក់ឲ្យច្បាស់ទេ ដោយមានប្រភពខ្លះសរសេរថា Guzman កើត នៅឆ្នាំ១៩៥៤ និងខ្លះទៀតដាក់ថាកើតនៅឆ្នាំ១៩៥៧ តែអ្វីដែលគេដឹងច្បាស់នោះគឺ ជីតាលោក និងឪពុកលោកសុទ្ធតែជាអ្នករកស៊ីដាំអាភៀន និងកញ្ឆា ។
បុរសម្នាក់នេះ មានទីកន្លែងកំណើតនៅចំកន្លែងផលិតគ្រឿងញៀនតែម្ដងនោះគឺទីក្រុង Badiraguato រដ្ឋ Sinaloa ជាកន្លែងដែលស្ថិតក្នុងតំបន់ត្រីកោណមាសម៉ិកស៊ិកនិងជាទីតាំង កណ្ដាល នៃការជួញដូរគ្រឿងញៀន ។ មូលហេតុទាំងនេះ បានធ្វើឲ្យលោកស្គាល់ គ្រឿងញៀនតាំងពីតូចមក ម្ល៉េះ ។នៅអាយុ៧ឆ្នាំ Guzman បានឈប់រៀន ហើយមកដាំកញ្ឆា និងអាភៀនជាមួយឪពុកលោក ក្រោយមកក៏ចូលធ្វើការឲ្យលោកMiguel Angel Felix Gallardo ក្នុងក្រុមជួញដូរគ្រឿងញៀន Guadalajara cartel ហើយក៏បំបែកចេញ Sinaloa cartelសម្រាប់លោកកាន់កាប់តែម្ដង ហើយមក ទល់ពេលនេះ Sinaloa cartel ក្លាយជាសម្ព័ន្ធគ្រឿងញៀនដ៏មានអំណាចបំផុតមួយក្នុងលោក ។
ស្ថិតក្នុងនាមជាអ្នកកាន់កាប់ការរកស៊ីផ្នែកគ្រឿងញៀនដ៏ធំបំផុតមួយ ហើយផ្គត់ផ្គង់គ្រឿងញៀន ទៅកាន់ប្រទេសជាច្រើនផ្សេងទៀតនោះ Guzman រកបានលុយរាប់ពាន់លានដោយបង្កចលាចល ជា ច្រើនកន្លែងនៅតាមប្រទេសផ្សេងៗ ។ ក្នុងនោះគ្រឿងញៀនរបស់Guzman បានសាយភាយពេញ តាម ដងផ្លូវ នៅ Chicago របស់អាមេរិក ហើយត្រូវគេចាត់ទុកជាសត្រូវទី១របស់សាធារណៈ“Public Enemy No. 1” ក្នុងឆ្នាំ២០១៣ ។
ក្នុងនោះដែរ អតីតនាយកផ្នែកស៊ើបអង្កេតរបស់នាយកដ្ឋានសន្តិសុខមាតុភូមិអាមេរិក លោក Jim Dinkins បានចំណាយពេលអស់ជាច្រើនឆ្នាំ ក្នុងអាជីពជាអ្នកស៊ើបការណ៍ ដើម្បីតាមដានមេ ឧក្រិដ្ឋជនដ៏សាហាវរូបនេះ តែវាមិនបានសម្រេចនោះទេ ដោយជាចុងក្រោយលោកបានហៅ Guzman ថា “Evil genius.” បញ្ជាក់ពីភាពអស្ចារ្យរបស់លោក ក្នុងការគេចផុតពីការតាមដាននិងការស៊ើប អង្កេតពីប៉ូលិសបានយ៉ាងងាយ ។
នៅឆ្នាំ១៩៩៣ Guzman ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងប្រទេស Guatemalaហើយគេបានធ្វើ បត្យា ប័នលោកទៅកាន់ប្រទេសម៉ិកស៊ិកវិញ ដោយលោកត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអំពើឃាតកម្ម ហើយត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ។
កំឡុងពេលប៉ុន្មានឆ្នាំក្នុងពន្ធនាគារ Puente Grande ស្ដេចគ្រឿងញៀន Guzman រស់នៅប្រៀបដូច ជាស្ដេច មានអាហារបរិភោគបបូរ មានស្រីមកសួរសុខទុក្ខលោកប្រចាំ និយាយឲ្យចំទៅពន្ធនាគារ ប្រៀបដូចជាកន្លែងលំហែកាយរបស់ Guzman អញ្ចឹងដែរ ។
១២ឆ្នាំក្រោយ ជីវិតក្នុងគុករបស់ Guzman បានបញ្ចប់ នៅពេលដែលស្ដេចគ្រឿងញៀនរូបនេះប្រើ លុយដ៏ច្រើនសន្ធឹកសន្ធាប់ សូកប៉ាន់ដល់បុគ្គលិកពន្ធនាគារធ្វើឲ្យលោករត់ចេញពីពន្ធនាគារ បាន យ៉ាងស្រួល តាមរទេះដាក់ខោអាវសម្រាប់បោកគក់ ។ អស់រយៈពេលជាច្រើនឆ្នាំ Guzman រស់នៅ និងដើរហើរយ៉ាងសេរីទាំងដែលគ្មានក្រុមស៊ើបអង្កេតណាអាចតាមដានដឹងពីតម្រុយនៃទីតាំង របស់លោកឡើយ ។
រហូតដល់ឆ្នាំ២០១៤ Guzman ត្រូវបានប៉ូលិសចាប់ខ្លួនម្ដងទៀតនៅសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង ឆ្នេរសមុទ្រ Mazatlan នៃប្រទេសម៉ិកស៊ិក ហើយក៏ត្រូវគេបញ្ជូនទៅពន្ធនាគារ Atliplanoដែលជាពន្ធនាគារមានការយាមកាមតឹងរ៉ឹងបំផុតមួយ តែទោះជាយ៉ាងនេះក្ដី ពន្ធនាគារនេះនៅតែមិន មែនជាបញ្ហាសម្រាប់ស្ដេចគ្រឿងញៀនរូបនេះទេ ។
ជីវិតក្នុងពន្ធនាគាររបស់លោកបានបញ្ចប់ម្ដងទៀត នៅត្រឹមពេលដែលការហែកគុករបស់ Guzman បានធ្វើឲ្យផ្អើលពិភពលោកទាំងមូល នៅខែកក្កដា ឆ្នាំ២០១៥ ដោយបក្សពួកលោក បានជីករូង ក្រោមដីចម្ងាយ១.៥គីឡូម៉ែត្រពីពន្ធនាគារ ហើយដាក់ម៉ូតូធំមួយគ្រឿងនៅក្រោមដី សម្រាប់ឲ្យ Guzman ជិះចេញបានយ៉ាងស្រួល ។
ការរត់ចេញពីពន្ធនាគារលើកនេះ បានធ្វើឲ្យ Guzman ឬ El Chapo ទទួលបានពាក្យសរសើរថា ជា មនុស្សដែលគ្មានពន្ធនាគារណាមួយអាចឃុំឃាំងបានយូរនោះទេ មុននឹងក្រោយលោកនៅតែរត់ ចេញបានដដែល ។
លុះដល់ខែមករាឆ្នាំ២០១៦ Guzman ត្រូវបានកងទ័ពជើងទឹកម៉ិកស៊ិកចាប់បានម្ដងទៀត នៅក្នុង ទីក្រុង Los Mochis នៃរដ្ឋSinaloa ដែលជាស្រុកកំណើតលោក ដោយនៅក្នុងបេសកកម្មលើកនោះ បក្សពួកលោក៥នាក់បានស្លាប់ និង៦នាក់ទៀតត្រូវចាប់ខ្លួន អមជាមួយនឹងអាវុធធុនធ្ងន់ជាច្រើន ទៀត នៅជុំវិញកន្លែងលោករស់នៅ ។
២ថ្ងៃក្រោយការចាប់ខ្លួននេះ អាមេរិកបានដាក់ពាក្យសុំធ្វើបត្យាប័នលោកមកកាន់ សហរដ្ឋអាមេរិក ម្ដងទៀត តែត្រូវមេធាវីលោកបដិសេធ ។ មូលហេតុដែលអាមេរិកទាមទារធ្វើបត្យាប័ន Guzman មកកាន់អាមេរិកនោះ ក៏ព្រោះតែលោកជាជនល្មើស ដែល រដ្ឋChicago, San Diego, New York City, New Hampshire, Miami និង Texas តាមចាប់ខ្លួន ហើយមានដីកាចោទពីតុលាការអាមេរិកយ៉ាង តិច៧ ដែលក្នុងនោះមានការជួញដូរ និងចែកចាយកូកាអ៊ីន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ លាងលុយ កខ្វក់ មនុស្សឃាត និងជួញដូរអាវុធជាដើម ។
ក្រោយការចាប់ខ្លួនលើកចុងក្រោយនេះមក Guzman ត្រូវគេបញ្ជូនទៅកាន់ពន្ធនាគារថ្មីមួយទៀត នៅក្បែរទីក្រុង Ciudad Juarez ជិតព្រំប្រទល់រដ្ឋ Texas របស់អាមេរិក ។ សូមរម្លឹកថា នៅឆ្នាំ២០០៩ El Chapo Guzman ត្រូវបានទស្សនាវដ្ដី Forbes រាប់បញ្ចូលជាកំពូលមហាសេដ្ឋីប្រាក់ពាន់លាន ជាមួយនឹង លោក Bill Gates និង Warren Buffett ជាដើម ។
គួរបញ្ជាក់ថា ស្ដេចតឿ Guzman នេះ ត្រូវបានគេចាត់ទុកជាបុគ្គលដែលមានអំណាចមួយ រូបក្នុង លោក នេះក៏ព្រោះតែសម្ព័ន្ធគ្រឿងញៀនអន្តរជាតិ Sinaloa Cartel ដែលមានលោកនៅ ពីក្រោយខ្នង ដែរ ហើយសម្ព័ន្ធគ្រឿងញៀននេះ រកប្រាក់ចំណូលបានរាប់បាន់លានក្នុងមួយឆ្នាំៗ ធ្វើឲ្យ Guzman ក្លាយជាកំពូលមហាសេដ្ឋីដ៏ឆាប់រហ័ស ៕