02.6.2016
Vicente del Bosque គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ បានលើកឡើងថា ក្រុមរបស់លោក មានភាគរយខ្ពស់ជាងគេ ដើម្បីលើកពាន Euro 2016 និងជាជ័យជម្នះ៣សម័យកាលជាប់ៗគ្នា។
គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ Vicente del Bosque
អេស្ប៉ាញ បានលើកពាន Euro ២សម័យកាលជាប់គ្នាមកហើយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១២ ខណៈដែលពួកគេ បានកំណត់គោលដៅធំមួយទៀត ដោយចង់ឈ្នះ៣សម័យកាលជាប់ៗគ្នាឲ្យបាន នៅប្រទេសបារាំង ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃសុក្រសប្ដាហ៍ក្រោយនេះ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ វ័យ៦៥ឆ្នាំ បាននិយាយបន្ទាប់ពីក្រុមលោកឈ្នះកូរ៉េខាងត្បូង ៦-១ ក្នុងការប្រកួតមិត្តភាព កាលពីយប់មិញថា៖ “យើងមានសង្ឃឹមឈ្នះពាន Euro 2016 ច្រើនជាងគេ ព្រោះយើងធ្លាប់ឈ្នះកាល៤ឆ្នាំមុន។ មានក្រុមខ្លាំងៗច្រើនទៀត ប៉ុន្តែក្ដីសុបិនរបស់យើង គឺចង់លើកពានម្ដងទៀត។ យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឲ្យក្រុមយើងលេងឲ្យបានល្អបំផុតនៅ Euro 2016”។
ក្រុមគោជល់អេស្ប៉ាញ នឹងត្រូវលេងមិត្តភាពទល់នឹងក្រុមហ្សកហ្ស៊ីមួយលើកទៀត នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ មុនចាប់ផ្ដើមប្រកួត Euro 2016 ដែលស្ថិតក្នុងពូល D ជាមួយក្រុមសាធារណរដ្ឋឆេក ទួរគី និងក្រូអាត ខណៈដែលប្រកួតដំបូងពួកគេ នឹងប៉ះសាធារណរដ្ឋឆេក នៅថ្ងៃទី១៣ ខែមិថុនា នាទីក្រុង Toulouse៕
Labels: Sport