កម្ពុជា ឡើង​វគ្គ​បន្ត​​ ក្រោយ​ឈ្នះ ឆាយ​នីស​តៃប៉ិ ២-០ ខណៈ​សម្តេច​ឧបត្ថម្ភ​៣៤ពាន់​ដុល្លារ​

 07.6.2016
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ពាន​រង្វាន់​ AFC Asian Cup 2019 ហើយ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-០ នៅ​ជើង​ទី​ពីរ​លើ​ក្រុម​ភ្ញៀវ​ឆាយនីសតៃប៉ិ ប៉ុន្តែ​បើ​សរុប​ទាំង​ពីរ​ជើង​កម្ពុជា​ឈ្នះ​ដោយ​លទ្ធផល ៤-២ ខណៈ​ជើង​ទី​១​ស្មើ​គ្នា ២-២។

ការ​ប្រកួត​នៅ​តង់​ទី​មួយ​ក្រុម​កម្ពុជា​បាន​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​គាំទ្រ​ជាង​៦​ម៉ឺន​នាក់​ហ៊ោ​ពេញ​​ពហុកីឡដ្ឋាន​ជាតិ​​​តាម​រយៈ​ការ​​ទម្លាយ​សំណាញ់​ទី​​ឆាយ​នីសតៃប៉ិ​​បាន​១​គ្រាប់​ដែល​ជា​ការ​​តែត​ចូល​ទី​ដោយ​​ខ្សែ​ការពារ ហុង ផេង នៅ​នាទី​ទី៧ បន្ទាប់​ពី​ទទួល​បាន​បាល់​លើក​ពី ចាន់ វឌ្ឍនាកា។ តង់​ទី​មួយ​នេះ ក្រុម​ភ្ញៀវ​នេះ​ក៏​បាន​វាយ​សម្រុក​ខ្លាំង​ដែរ​ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​​ឡើយ​ដោយ​ខ្សែ​ការពារ​របស់​កម្ពុជា​រឹង​មាំ។

ចូល​តង់​ទី​២ កម្ពុជា​បាន​បន្ត​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់ ប្រាក់ មុន្នីឧត្តម​នៅ​នាទី​​ទី​៦០ ​បន្ទាប់​ពី​​អ្នក​ចាំ​ទី​របស់​ឆាយនីសតៃប៉ិ​​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។ ចប់​ការ​ប្រកួត​កម្ពុជា​ឈ្នះ​២-០ ក្នុង​ជើង​ទី​១​ ប៉ុន្តែ​សរុប​ទាំង​ជើង​កម្ពុជា​ឈ្នះ​៤-២។

តាម​រយៈ​ជ័យជ្នះ​៤-២​ ទាំង​ពីរ​ជើង​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​​​ឡើង​វគ្គ​បន្ត​នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី​ AFC Asian Cup 2019។

 
 ប្រភព៖​Sabay

Labels: