ទូកបុរាណដែលប្រជាពលរដ្ធបានរកឃើញនៅតំបន់អង្គរកាលពីខែមេសាត្រូវបានចេញជាលទ្ធផលហើយ

លទ្ធផលចេញមកហើយ...ទូកបុរាណដែលប្រជាពលរដ្ឋរកឃើញនៅតំបន់អង្គរកាលពីខែមេសា គឺធ្វើនៅឆ្នាំ១២០៧ នាសតវត្សរ៍ទី១៣ ក្នុងរាជ្យកាលព្រះបាទជ័យវរ្ម័នទី៧!

អ្នកជំនាញបានបញ្ជាក់ថា ទូកបុរាណដែលអ្នកភូមិប្រទះឃើញក្នុងស្រះមួយកន្លែងនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ កាលពីដើមខែមេសាកន្លងទៅ គឺធ្វើឡើងនៅឆ្នាំ១២០៧ គឺអំឡុងសតវត្សទី១៣ក្នុងរាជ្យកាលព្រះបាទជ័យវរ្ម័នទី៧។ ការបញ្ជាក់នេះ គឺចេញដោយមន្ទីរពិសោធន៍នៃប្រទេស ញូហ្ស៊េឡែន។
គួរបញ្ជាក់ថា ទីតាំងដែលប្រទះឃើញទូកបុរាណនេះ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។ ទូកបុរាណដែលកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីឈើគគីរមួយដើមទាំងមូល ដែលមានប្រវែង ១២,៨៣ម៉ែត្រ។ មួយថ្ងៃក្រោយពេលរកឃើញ អាជ្ញាធរជាតិអប្សរា បានយកទូកបុរាណនោះទៅរក្សាទុកនៅកសិណទឹកមុខប្រាសាទអង្គរ និងបានយកដំណែកសាច់ទូកទៅធ្វើពិសោធន៍។
ក្នុងន័យដើម្បីឲ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានឃើញទូកបុរាណនេះ អាជ្ញាធរជាតិអប្សរាគ្រោងនឹងរៀបចំតាំងបង្ហាញនៅសារមន្ទីរដែលមានស្រាប់នៅខេត្តសៀមរាប ឫតាំងចល័តពីទីតាំងមួយទីតាំងមួយ។
ប្រែសម្រួលដោយ៖សុភារិទ្ធ
ប្រភពពិ៖អជ្ញាធរអប្សរា




Labels: