01.6.2016
កូរ៉េខាងជើងបានប៉ុនប៉ងបាញ់គ្រាប់មីស៊ីលនាថ្ងៃអង្គារនេះ ប៉ុន្តែធ្វើមិនបានសម្រេច។ នេះបើតាមការឲ្យពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង។
តាមសារព័ត៌មាន CNN មន្ត្រីមេបញ្ជាការយោធាកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា ការប៉ុនប៉ងបាញ់គ្រាប់មីស៊ីលមួយគ្រាប់របស់កូរ៉េខាងជើងបានធ្វើឡើងចេញពីទីក្រុង Wonsan ភាគខាងកើតកូរ៉េខាងជើង នៅម៉ោង ៥:២០ព្រឹកព្រលឹមនៅកូរ៉េ (ម៉ោង៣:២០នាទីយប់ឆ្លងចូលថ្ងៃអង្គារនៅកម្ពុជា) ។
តាមរយៈទីភ្នាក់ងារព័ត៌មានក្នុងតំបន់ក្បែរកូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់មីស៊ីលខាងលើនោះគឺអាចជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម (Musudan មីស៊ីល)។ វាអាចជាការព្យាយាមបាញ់លើកទី៤នៃការសាកល្បងគ្រាប់មីស៊ីល តែបានបរាជ័យ។
កូរ៉េខាងជើងកំពុងព្យាយាមអភិវឌ្ឍកម្មវិធីអាវុធយោធារបស់ខ្លួនដើម្បីប្រឆាំងនឹងសហគមន៍អន្តរជាតិក៏ដូចជាសម្ព័ន្ធមិត្តចិនផងដែរ។ កូរ៉េខាងជើងធ្លាប់តេស្ដនុយក្លេអ៊ែរក្នុងខែមករា និងខែកុម្ភៈបានបាញ់រ៉ុកកែត និងផ្កាយរណបចូលទៅក្នុងអាកាស ដែលសកម្មភាពទាំងនោះបានធ្វើឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតលើប្រទេសកាន់របបកុម្មុយនិស្តមួយនេះ៕
ប្រភព៖បរទេស