ការកម្សាន្តដែលផ្តល់ដោយតារាចម្រៀងស្រី នាងជែននីហ្វើ ឡូប៉េស និងតារាចម្រៀងលោក អ៊ិនរីកេ អ៊ីគ្លេសស៊ីអាស ព្រមទាំងឈុតរ៉ូបរៀបការតម្លៃ ២៥.០០០ ដុល្លារគឺជារឿងមួយហួសការរំពឹងទុកឆ្ងាយណាស់សម្រាប់កូនក្រមុំភាគច្រើន ប៉ុន្តែនៅពេលនិយាយដល់ឪពុកកូនកំលោះដែលមានលុយរាប់ពាន់លានដុល្លារ អ្នកពិតជាអាចលៃលកចំណាយបែបនេះបាន។
កូនមហាសេដ្ឋី ឈ្មោះ សាអ៊ីត ហ្គាត់សេរីវ (Said Gutseriev) អាយុ ២៨ ឆ្នាំ បានរៀបការជាមួយនិស្សិតអាយុ ២០ ឆ្នាំ នាង ខាឌីចា អ៊ូហ្សាខូវ៉ា (Khadija Uzhakhova) ក្នុងទីក្រុងមូស្គូកាលពីចុងសប្តាហ៍មុនក្នុងពិធីរៀបការដ៏មហាអធិកអធម ដែលតាមពាក្យចចាមអារ៉ាមនិយាយថាចាយអស់ ១ ពាន់លានដុល្លារឯណោះ។
រៀបចំនៅភោជនីយដ្ឋានប្រណិតដាច់គេនៅមូស្គូ និងនៅសាលជប់លៀង Safisa ដែលមានចងផ្កាពីជញ្ជាំងម្ខាងទៅជញ្ជាំងម្ខាងទៀត អាពាហ៍ពិពាហ៍នេះបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ភាពហ៊ឺហាដ៏សម្បើម។
កូនក្រមុំវ័យក្មេងបានមកដល់ពិធីក្នុងឈុតរ៉ូបដាំអង្កាំឈ្មោះថា Elie Saab ដែលមានតម្លៃខ្ទង់ ៧.០០០ ទៅ ២៥.០០០ ដុល្លារ។
ឈុតកូនក្រមុំនេះត្រូវបាននាំចូលពីទីក្រុងប៉ារីស និងតាមដឹងមានទម្ងន់ ១១ គីឡូក្រាម ដោយសារតែកន្ទុយដ៏វែង និងការដាំអង្កាំយ៉ាងច្រើនស្គុះស្គាយ។ សម្រស់របស់នាងក៏ត្រូវបានលើកឱ្យរឹតតែស្អាតមួយកម្រិតទៀតផងដែរជាមួយនឹងម្កុដ និងខ្សែកពេជ្រដ៏មានតម្លៃ។
ទន្ទឹមនឹងនេះ គេបានឃើញភ្ញៀវប្រមាណជាង៦០០នាក់បានចូលរួមដោយជិះសុទ្ធតែរថយន្តទំនើបៗតម្រៀបជួរគ្នាត្រៀបត្រានៅពីមុខកន្លែងរៀបការ ក្នុងនោះក៏មានរថយន្ត Rolls Royces ផងដែរ។
តាមដឹង តារាចម្រៀង ឡូប៉េស និង លោក អ៊ិនរីកេ អ៊ីគ្លេសស៊ីអាស បានទទួលប្រាក់ឈ្នួលម្នាក់ ១ លានដុល្លារ។
យោងតាមទស្សនាវដ្តី Forbes មហាសេដ្ឋីដែលជាឪពុកដើមកំណើតកាហ្សាក់ស្ថាន លោកមីខាអ៊ីល ហ្គាត់សឺរីវ (Mikhail Gutseriev) មហាសេដ្ឋីប្រេង និងប្រព័ន្ធផ្សព្វផ្សាយប្រចាំនៅប្រទេសរុស្ស៊ី មានទ្រព្យសម្បត្តិសុទ្ធចំនួន ៦,២ ពាន់លានដុល្លារ៕
source:Sabay