16.05.2016
នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ អតីតកំពូលតារាបាល់ទាត់អង់គ្លេស David Beckham បាននិយាយទាក់ទងនឹងរឿងមួយចំនួន ក្នុងនោះមានដូចជាការធ្វើជាគ្រូបង្វឹករបស់ Zinedine Zidane នៅ Real Madrid និងរឿងចំណង់ចំណូលចិត្តរបស់ខ្លួនជាដើម ទាក់ទងនឹងការធ្វើជាគ្រូបង្វឹក ដោយ Beckham និយាយថា "ខ្ញុំមិនបានកើតមកដើម្បីធ្វើជាគ្រូបង្វឹកនោះទេ តែសម្រាប់ Zidane វិញគឺប្រាកដណាស់”។
លើសពីនេះទៀត Beckham បានឆ្លៀតហួសទៅនិយាយរឿងប្រៀបធៀបគ្នារវាង Lionel Messi ជាមួយ Cristiano Ronaldo ដោយលោកបានជឿថា ការប្រៀបធៀបរវាងកីឡាករកំពូលទាំងពីររូបនេះ គឺគ្មានប្រយោជន៍អ្វីនោះទេ ហើយក្នុងនោះលោកបាននិយាយថា
“ការពិភាក្សាទាក់ទងនឹងប្រធានបទមួយនេះ គឺគ្មានន័យទេសម្រាប់ខ្ញុំ។ កីឡាករទាំងពីរនេះពិតជាកម្រមានណាស់ ដូចកាលពីជំនាន់ Zidane អញ្ចឹង គឺពួកគេគឺជាកីឡាករប្រចាំជំនាន់ ហើយពួកយើងនឹងចងចាំ សម្រាប់ការមាន Messi និង Cristiano ជាពិសេសក្នុងពេលពេលវេលាជាមួយគ្នា!”



ទន្ទឹមគ្នានោះ Beckham បានបន្ថែមទៀតថា "គ្មានអ្នកណាអាចឈានដល់កម្រិតកំពូល ហើយអាចនៅឈរបានយូរដូចនេះនោះទេ។ មនុស្សគ្រប់គ្នាដែលស្គាល់ពួកគេទាំងពីរនេះ តែងបង្កើតឆន្ទៈដើម្បីធ្វើខ្លួនឲ្យកាន់តែប្រសើរ និយាយតាមត្រង់គឺដើម្បីក្លាយខ្លួនជាមនុស្សដ៏ល្អបំផុត"។
តាមរយៈពាក្យសម្ដីទាំងនេះ ស្ដាប់ទៅគឺពិតជាត្រឹមត្រូវណាស់ ដោយមកដល់រដូវកាលនេះ Messi និង Ronaldo នៅតែបញ្ចេញសមត្ថភាពដ៏អស្ចារ្យ សម្រាប់ Ronaldo រូបគេរកបានគ្រាប់បាល់ចំនួន៥១គ្រាប់ និងប៉ះបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីចំនួន១៥ដង ចំណែកឯ Messi វិញសុតបាន៣១គ្រាប់ និងប៉ះបាល់បញ្ចូលទីចំនួន២៤ដង។
ជាចុងក្រោយគួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ បានជួយក្រុមឲ្យឈ្នះពានរង្វាន់ La Liga ពីររដូវកាលជាប់គ្នា ខណៈដែល Ronaldo អាចនឹងមានឱកាសឈ្នះពានរង្វាន់ Champions League ជាលើកទីពីរ ក្នុងរយៈពេលបីឆ្នាំ។
ប្រភព warungqq.com
Labels: Sport